allfeeds.ai

 

 

Author: RFI / Khmer

Language: km

Genres: Science

Contact email: Get it

Feed URL: Get it

iTunes ID: Get it


Get all podcast data

Listen Now...

ប្រវត្តិរ៉ុកកែតអវកាស​រុស្ស៊ីធុន Soyuz
Saturday, 1 July, 2023

រុស្ស៊ី គឺ​ជា​ប្រទេស​មហាអំណាច​ដ៏​ចម្បងមួយ នៅ​ក្នុង​វិស័យ​អវកាស នៅក្នុង​ពេល​បច្ចុប្បន្ន​ ជាមួយ​នឹង​បច្ចេកវិទ្យា​រ៉ុកកែត និង​យាន​អវកាស ដ៏​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក គឺ សូយូស (Soyuz)។ Soyuz ​ជា​បច្ចេកវិទ្យា​បន្សល់​ទុក​តាំង​ពី​សម័យ​សហភាព​សូវៀត ហើយ​ត្រូវបាន​អភិវឌ្ឍ​ចេញ​ពី​បច្ចេកវិទ្យា​រ៉ុកកែត V2 របស់​អាល្លឺម៉ង់ ដោយ​វិស្វករ​សូវៀត ឈ្មោះ Sergei Korolev ដែល​ត្រូវ​បាន​គេចាត់ទុក​ជា​បិតា​នៃ​កម្មវិធី​អវកាស​សូវៀត។ Sergei Pavlovich Korolev កើតនៅ​ឆ្នាំ១៩០៧ នៅ​ហ្ស៊ីតូមៀរ (Zhytomyr) ប្រទេស​អ៊ុយក្រែន ដែល​កាលណោះ ស្ថិត​នៅ​ក្នុង​រង្វង់​ចក្រភព​រុស្ស៊ី និង​ក្រោយ​មកទៀត ជារដ្ឋមួយ​ ក្នុង​សហភាព​សូវៀត។ Korolev បាន​បញ្ចប់​ការ​សិក្សា​ពី​សាលាប៉ូលីតិចនិក​ក្រុងកៀវ និង​ពី​សកលវិទ្យាល័យ​ម៉ូស្គូ ដោយ​ចាប់យក​ជំនាញ​ខាង​វិស្វកម្ម​យន្តហោះ និង​ម៉ូទ័រ​រ៉ុកកែត ហើយ​​បាន​បង្កើត​ក្រុមការ​ងារស្រាវជ្រាវ​ផ្នែក​រ៉ុកកែតអវកាស​មួយ ដែល​បាន​ទទួលជោគជ័យ​ក្នុងការ​ផលិត​រ៉ុកកែត​ប្រើ​ឥន្ធនៈរាវ​ជាលើកទីមួយ ក្នុង​ប្រវត្តិសាស្រ្ត​សូវៀត នៅ​ឆ្នាំ១៩៣៣។ក៏ប៉ុន្តែ ប៉ុន្មាន​ឆ្នាំក្រោយ​មក​ទៀត Korolev បាន​ក្លាយ​ជា​ជនរងគ្រោះ ដោយ​នយោបាយ​ឃោរឃៅ​នៃ​របបស្តាលីន ហើយ​បាន​ក្លាយ​ជា​អ្នក​ទោស​នយោបាយ នៅ​ឆ្នាំ១៩៣៨។ Korolev ត្រូវ​បាន​គេ​ធ្វើ​ទារុណកម្ម​ក្នុងគុក ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ដាក់​ក្នុងគុកនៅ​ស៊ីបេរី​ជាច្រើន​ខែ មុននឹង​​ត្រូវ​បាន​គេ​បញ្ជូន​មក​ម៉ូស្គូវិញ ហើយ​តាមរយៈអន្តរាគមន៍​របស់ Andrei Tupolev (អ្នកបង្កើតយន្តហោះធុន Tupolev) Sergei Korolev ក៏​ត្រូវ​បាន​គេ​ដាក់បញ្ចូល​ទៅ​ក្នុង​ក្រុមស្រាវជ្រាវ​វិទ្យាសាស្រ្ត​មួយ ជាមួយ​អ្នក​វិទ្យាសាស្រ្ត​​ផ្សេងទៀតដែល​ជាប់ទោស​នយោបាយ​ដូចគ្នា។នៅ​ក្នុងអំឡុងពេលនោះ រុស្ស៊ី​កំពុង​ស្ថិត​ក្នុង​សង្គ្រាម​លោកលើកទី២ ហើយ​ Korolev ​ត្រូវ​បាន​គេ​ចាត់​ឲ្យ​ទទួលបន្ទុក​ដឹកនាំ​​ស្រាវជ្រាវ​ផលិតរ៉ុកកែត ដើម្បី​ប្រជែង​ជាមួយ​នឹង​រ៉ុកកែត V2 របស់​អាល្លឺម៉ង់ ហើយ​នៅ​ឆ្នាំ១៩៤៥ នៅ​ក្រោយ​ពេល​កងទ័ព​សូវៀត វាយ​ដណ្តើម​កាន់កាប់​ទីតាំង​រ៉ុកកែត​របស់​អាល្លឺម៉ង់ ដោយ​រឹបអូសបាន​ទាំង​តួរ៉ុកកែត និង​ប្លង់​រ៉ុកកែត V2, Korolev ក៏​ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​​អាល្លឺម៉ង់ ដើម្បី​​មើលការខុសត្រូវ​ក្នុងការ​នាំយក​បច្ចេកវិទ្យា​រ៉ុកកែត V2 ​នេះ​ទៅ​ផលិត​ជា​រ៉ុកកែត​ថ្មី សម្រាប់​សហភាព​សូវៀត។ចេញ​ពី​ម៉ូដែល​រ៉ុកកែត V2 នេះ Korolev បាន​ផលិតចេញ​ជា​មីស៊ីល​បាលីស្ទិក​រយៈចម្ងាយ​ខ្លី​មួយ​ប្រភេទ ដែលគេ​ឲ្យ​ឈ្មោះ​ថា Scud ហើយ​ដែល​ត្រូវ​បាន​គេ​ប្រើ​ជាទូទៅ នៅ​ក្នុង​អំឡុង​សម័យ​សង្គ្រាម​ត្រជាក់។ បន្ទាប់មកទៀត នៅ​ឆ្នាំ១៩៥៣ Korolev បាន​ចាប់ផ្តើម​រៀបចំផលិត​រ៉ុកកែតប្រភេទ​ថ្មីមួយទៀត គឺ​រ៉ុកកែត​ធុន R-7 ដែល​ជា​មីស៊ីលបាលីស្ទិក​អន្តរទ្វីប​​ដំបូង​បង្អស់​នៅលើ​ពិភពលោក អាច​បាញ់បាន​ចម្ងាយ​​រហូតដល់​ទៅ ៨០០០គីឡូម៉ែត្រ ហើយ​អាច​ផ្ទុក​ក្បាលគ្រាប់នុយក្លេអ៊ែរ​ កម្លាំង ពី៣ ទៅ ៥មេហ្កាតោន។ក៏ប៉ុន្តែ ក្រៅពីជា​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ផ្ទុក​ក្បាលគ្រាប់នុយក្លេអ៊ែរ R-7 ក៏​ត្រូវ​បាន​គេយក​ទៅប្រើ​ជា​រ៉ុកកែតអវកាស​ផងដែរ... ជារ៉ុកកែតអវកាស ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត នៅក្នុង​វិស័យ​អវកាស​របស់​សូវៀត។R-7 គឺជាប្រភេទ​រ៉ុកកែត ដែល​មាន​ពីរកំណាត់ ដោយ​នៅ​កំណាត់ទីមួយ មានតួរ៉ុកកែត​ធំមួយ​នៅចំកណ្តាល បំពាក់ទៅដោ​យម៉ូទ័រ​ (ធុន RD-108)ចំនួន ២គ្រឿង អមទៅដោយ​ប៊ូស្ទ័រ​ចំនួន ៤ នៅ​ជុំវិញ ដោយ​ប៊ូស្ទ័រនីមួយៗ បំពាក់ទៅដោយ​ម៉ូទ័រ​ (ធុន RD-107)ចំនួន ១គ្រឿង។ខុសពី​រ៉ុកកែតអវកាស​ភាគច្រើន ដែល​មាន​ប៊ូស្ទ័រ​ប្រើ​ឥន្ធនៈរឹង ប៊ូស្ទ័រ​ទាំង ៤គ្រឿង របស់​រ៉ុកកែត​ធុន R-7 គឺ​ជា​ប្រភេទ​រ៉ុកកែត​ប្រើ​ឥន្ធនៈរាវ ដែលមានន័យថា នៅ​ក្នុង​រ៉ុកកែត R-7 ទាំងមូល រាប់ចាប់តាំង​ពី​ប៊ូស្ទ័រ ​តួរ៉ុកកែតកំណាត់​ទីមួយ រហូត​ទៅដល់​​កំណាត់​ទីពីរ សុទ្ធតែ​ប្រើ​ឥន្ធនៈរាវ​ដូចគ្នា​ទាំងអស់ គឺ​ឥន្ធនៈប្រភេទ KeroLox ពោលគឺ កេរ៉ូសែន និង​អុកស៊ីសែន​រាវ។រ៉ុកកែត R-7 ត្រូវបានគេ​បាញ់បង្ហោះ​ប្រកប​ដោយ​ជោគជ័យ​ជាលើកទីមួយ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៥៧។ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៥៧ រ៉ុកកែត R-7 ត្រូវ​បាន​គេ​យក​ទៅប្រើ ដើម្បី​បាញ់បង្ហោះ​ផ្កាយរណប​ដំបូងបង្អស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្សជាតិ គឺ​​ផ្កាយរណប Sputnik។មួយខែក្រោយ​មកទៀត នៅថ្ងៃទី៣ វិច្ឆិកា នៅ​ក្នុងពេល​ដែល​សហរដ្ឋ​អាមេរិក​នៅ​មិនទាន់បាន​ទទួល​ជោគជ័យ ក្នុងការ​បាញ់បង្ហោះ​ផ្កាយរណប​បាន​មួយគ្រឿង​នៅឡើយ Korolev និង​ក្រុមការងារ​បាន​ប្រើ​រ៉ុកកែត R-7 ដើម្បី​បាញ់បង្ហោះ​​យានអវកាស​ទីពីរ ទៅ​ក្នុង​គន្លង​តារាវិថី។ បេសកកម្មនេះ​ត្រូវបាន​គេ​ឲ្យ​ឈ្មោះ​ថា Sputnik-2 ​ដែល​នៅលើនោះ ​មានដឹកឆ្កែ​ឈ្មោះ “ឡៃកា” ទៅជាមួយ ដោយ​ត្រូវ​បាន​បាញ់បង្ហោះ​ប្រកប​ដោយ​ជោគជ័យ ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី។ចាប់ពីពេលនោះមកKorolev និង​ រ៉ុកកែត R-7 បាន​សម្រេច​ជោគជ័យជាប្រវត្តិសាស្រ្ត​ជាច្រើន​ផ្សេងទៀតជាបន្តបន្ទាប់គ្នា៖ ការបញ្ជូន​យាន​គ្មានមនុស្ស​បើក​ទៅកាន់​ព្រះចន្ទ​ជាលើកទីមួយ ថតយករូបភាព​ពីផ្នែក​ម្ខាងទៀត​របស់ព្រះចន្ទ​ជាលើកទីមួយ បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ចេញ​ពី​ផែនដី សំដៅ​ទៅ​ហោះកាត់​ភពផ្សេងជាលើកទីមួយ គឺ​ភពសុក្រ និង​ចុងក្រោយ គឺ​ការ​បញ្ជូន​មនុស្ស​ទៅ​ក្នុង​ទីអវកាស​ជាលើកទីមួយ គឺ​បេសកកម្ម Vostok ដឹក​អវកាសយានិក យូរី ហ្កាហ្ការីន ទៅ​ធ្វើ​ដំណើរ​ក្នុងគន្លង​តារាវិថី​មួយជុំផែនដី មុននឹង​វិលត្រឡប់​មក​ចុះលើ​ផែនដីវិញ​ដោយ​សុវត្ថិភាព នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១។Korolev ក៏​បាន​រៀបចំផែនការ​​បញ្ជូន​មនុស្ស​ទៅ​ចុះចត​លើ​ដីព្រះចន្ទ​ផងដែរ ដើម្បី​​ប្រជែង​ជាមួយអាមេរិក ដោយ​ក្នុង​ផែនការ​នេះ Korolev គ្រោង​ផលិត​រ៉ុកកែត​ថ្មីស្រឡាង​មួយទៀត គឺ​រ៉ុកកែត​ធុន N-1 ដែលគេអាច​និយាយបានថា ជា​គូប្រជែង​ជាមួយនឹង​រ៉ុកកែត​ Saturn-V របស់​អាមេរិក និង​យានអវកាស​ធុន សូយូស (Soyuz) ដែល​ជា​គូប្រជែង​ជាមួយនឹង​យានអាប៉ូឡូ។ក៏ប៉ុន្តែ គម្រោង​រ៉ុកកែត N-1 របស់​ Korolev នេះ ត្រូវ​ជាប់គាំង​អស់រយៈពេល​ជាច្រើនឆ្នាំ រហូត​ទាល់តែ​ដល់​ឆ្នាំ១៩៦៤ ទើប Korolev ​បាន​ទទួល​​ភ្លើងខៀវ​ឲ្យ​ចាប់ផ្តើម​គម្រោង ដោយ​មក​ទល់​នឹង​ពេលនោះ គម្រោង​ទៅកាន់ព្រះចន្ទ​របស់​ទីភ្នាក់ងារ​ណាសា​អាមេរិក​បាន​ចាប់ផ្តើម​ធ្វើ​យ៉ាងពេញទំហឹង តាំង​ពីឆ្នាំ១៩៦១មកម៉្លេះ។ក្រៅពី​ចាប់ផ្តើម​យឺតជាង​អាមេរិក​​រហូតដល់​ទៅ​៣ឆ្នាំ គម្រោង​ទៅកាន់ព្រះចន្ទ​របស់​សូវៀត​ត្រូវ​ប្រឈម​នឹង​បញ្ហា​ដ៏ធំមួយទៀត គឺ​នៅ​ឆ្នាំ១៩៦៥ ត្រឹមតែ​មួយ​ឆ្នាំប៉ុណ្ណោះ ក្រោយ​ពី​គម្រោងរ៉ុកកែត N-1 បាន​ទទួលភ្លើងខៀវពីរដ្ឋាភិបាល Korolev ក៏​ធ្លាក់ខ្លួនឈឺ ដោយ​កើតជំងឺ​មហារីក ហើយ​ទទួលមរណភាព នៅ​ឆ្នាំ១៩៦៦។ក្រោយមរណភាព​របស់ Korolev កម្មវិធីអវកាស​របស់​សូវៀត​ក៏​ត្រូវ​ជួបនឹង​បញ្ហា​ ហើយ​គម្រោង​ផលិតរ៉ុកកែត N-1 ក៏​កាន់តែ​យឺតយ៉ាវ​ខ្លាំងឡើង ប្រជែង​មិនឈ្នះ​គម្រោងអាប៉ូឡូ​របស់​អាមេរិក ដែល​បាន​ទទួល​ជោគជ័យ​ក្នុងការ​បញ្ជូន​អវកាសយានិក​ឲ្យ​ទៅ​ចុះចត​លើ​ដីព្រះចន្ទ នៅ​ឆ្នាំ១៩៦៩។៥ឆ្នាំក្រោយ​មក​ទៀត នៅ​ឆ្នាំ​១៩៧៤ សូវៀត​ក៏​បាន​សម្រេច​លុបចោល​គម្រោង​ផលិតរ៉ុកកែត N-1 ដោយទុក​តែ​គម្រោងផលិតយានអវកាស​សូយូស ជាមួយនឹង​រ៉ុកកែត R-7 ដែល​បន្សល់ទុក​ពី​សម័យ​ Korolev។ រ៉ុកកែត R-7 ដែល​ត្រូវ​បាន​គេ​យក​ទៅប្រើ​ជាប់ជាប្រចាំ នៅ​ក្នុង​វិស័យ​អវកាស​សូវៀត និង​បន្ទាប់មកទៀត វិស័យអវកាស​​​រុស្ស៊ី នៅក្រោយ​ការ​ដួលរលំ​សហភាព​សូវៀត។នៅក្នុងរយៈពេល​ជាង ៦០ឆ្នាំ​កន្លងទៅនេះ រ៉ុកកែត R-7 ត្រូវ​បានគេ​យក​ទៅ​កែលម្អ និង​ផលិត​ចេញ​ជា​ប្រភេទ​ផ្សេងៗគ្នា ពី​ជំនាន់មួយទៅជំនាន់មួយ ដោយ​រ៉ុកកែត R-7 ជំនាន់​ចុងក្រោយ​បង្អស់ នៅតែ​ត្រូវ​បាន​គេ​បន្ត​ប្រើ​ជាប់ជាប្រចាំ​រហូត​មកទល់​នឹង​សព្វថ្ងៃ ហើយដែលត្រូវ​បាន​គេ​ឲ្យឈ្មោះ​ថា « Soyuz » ។គិតជាសរុប រ៉ុកកែត​ធុន R-7 គ្រប់ជំនាន់​ រាប់ចាប់តាំង​ពី Sputnik, Vostok រហូតមកដល់ Soyuz បច្ចុប្បន្ន ធ្លាប់​ត្រូវ​បាន​គេ​បាញ់បង្ហោះ​ដោយ​ជោគជ័យ​រហូតដល់​ទៅ​ជិត ២ពាន់ដង ពោលគឺ​ជា​ប្រភេទ​រ៉ុកកែត ដែល​អាច​​បំពេញ​បេសកកម្ម​អវកាស​បាន​ច្រើន​ជាងគេ​បង្អស់ នៅ​ក្នុង​ប្រវត្តិសាស្រ្ត ហើយ​​ ជាង ៥០ឆ្នាំ​ក្រោយ​មរណភាព​របស់ Sergei Korolev រ៉ុកកែត Soyuz ដែល​ជាប្រភេទ​មួយ​នៃ​រ៉ុកកែត R-7 អាច​នឹង​បន្ត​ដើរតួនាទី​យ៉ាង​សំខាន់ នៅ​ក្នុង​វិស័យអវកាស​រុស្ស៊ី នៅ​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ​តទៅមុខទៀត៕

 

We also recommend:


Our Big Shot
Humanly Possible

The Geonomics Podcast
Dr Alex Dickinson

American Scientific Affiliation Podcasts
American Scientific Affiliation

neuroscienceCME - Epilepsy in the New Millennium: Emerging Treatments and Guidelines for Effective Diagnosis and Disease Mana
CME Outfitters

Der Benecke
radioeins (rbb)

Travelers In The Night
Albert D. Grauer

20e CPLF Lille 2016
SPLF

Centre for Advanced Study (CAS) at the Norwegian Academy of Science and Letters
Centre for Advanced Study (CAS) at the Norwegian Academy of Science and Letters

PsychSessions: Conversations about Teaching N' Stuff
Garth Neufeld, Eric Landrum

The Canadian Mountain Podcast
Canadian Mountain Network

Pflanzenforschung.de Podcast
PLANT 2030

Water Solutions with Chem-Aqua
Chem-Aqua