allfeeds.ai

 

 

Author: RFI / Khmer

Language: km

Genres: News

Contact email: Get it

Feed URL: Get it

iTunes ID: Get it


Get all podcast data

Listen Now...

ហេតុអ្វីការទិញលក់ផ្ទះរវាងពលរដ្ឋ និងក្រុមហ៊ុនខ្លះក្លាយជាបញ្ហារ៉ាំរ៉ៃ និងមានអ្នកឈឺចាប់?
Friday, 23 January, 2026

បញ្ហាអចលនទ្រព្យរួមមានដីធ្លី និងផ្ទះសម្បែងនៅក្នុងប្រទេស​កម្ពុជានៅជាប្រធានក្តៅងំនៅឡើយ ដោយសារតែអតិថិជនខ្លះមិនទាន់ទទួលបានផ្ទះ ឬដីដែលពួកគេបានទិញពីក្រុមហ៊ុនមួយចំនួន។ ជាការកត់សម្គាល់ ភាពចម្រូងចម្រាស និងការតវ៉ាពាក់ព័ន្ធនឹងបញ្ហាដីធ្លីនេះបានកើតឡើងជាបន្តបន្ទាប់ ក្នុងនោះមានពាក់ព័ន្ធនឹងក្រុមហ៊ុនអតីតឧកញ៉ា ជា សារ៉ន ក្រុមហ៊ុនពិភពដីមាស របស់អតីតឧកញ៉ា ហ៊ី គីមហុង ក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា ក្រុមហ៊ុន ម៉ន ដានី និងក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាដើម។ ប្រជាពលរដ្ឋដែលបានទិញផ្ទះ និងដីពីក្រុមហ៊ុនអចលនទ្រព្យមួយចំនួននៅតែបន្តឈឺចាប់ ពិសេសការឈឺចាប់ផ្លូវចិត្ត ដោយសារតែពួកគេបានសន្សែសន្សំ និងត្បិតត្បៀតការចាយវាយដើម្បីយកលុយទិញផ្ទះ ឬដី សម្រាប់រស់នៅ ឬធ្វើអាជីវកម្មរកប្រាក់ចំណេញ។ ការឈឺចាប់នេះ កើតឡើងក្រោយក្រុមហ៊ុនលក់ផ្ទះ ឬដី មួយចំនួនមិនគោរពតាមកិច្ចសន្យានៃការលក់ ទិញអចលនវត្ថុ ជាហេតុនាំឲ្យមានការតវ៉ាជាបន្តបន្ទាប់ ដើម្បីទាមទារយុត្តិធម៌ ខណៈពួកគេចំណាយលុយទិញផ្ទះ ឬដីរួចហើយ តែមិនបានផ្ទះ ឬដី។ វិបត្តិសង្គមមួយនេះ ត្រូវបានគេមើលឃើញ និងស្តីបន្ទោសទៅលើក្រុមហ៊ុនអចលនទ្រព្យមួយចំនួន ដែលរងការចោទថាធ្វើជំនួញគ្មានភាពស្មោះត្រង់ រួមមាន ក្រុមហ៊ុនអតីតឧកញ៉ា ជា សារ៉ន ក្រុមហ៊ុនពិភពដីមាស រប់សអតីតឧកញ៉ា ហ៊ី គីមហុង ក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ របស់អតីតឧកញ៉ា ឡេង ចាន់ណា ក្រុមហ៊ុន ម៉ន ដានី ក្រុមហ៊ុន ឡេង ណាវ៉ាត្រា និងក្រុមហ៊ុនមួយចំនួនទៀត។ តែក្រុមហ៊ុនមួយចំនួន ក្នុងចំណោមក្រុមហ៊ុន ដែលលេចធ្លោលើសំណុំរឿងដីធ្លីទាំងនេះ ខ្លះក៏បានស្ងៀមស្ងាត់ជាបណ្តោះអាសន្ន ខ្លះក៏ត្រូវបានដោះស្រាយតាមយន្តការក្រៅប្រព័ន្ធតុលាការ ដោយមានការសម្របសម្រួលពីអាជ្ញាធរ និងខ្លះទៀតក៏កំពុងឡើងកម្តៅនៃការតវ៉ានៅឡើយ តួយ៉ាងក្រុមហ៊ុន ឡេង ណាវ៉ាត្រា។ ជាការកត់សម្គាល់ អតិថិជន ក្នុងនោះរួមមានប្រជាពលរដ្ឋ និងមន្ត្រីរាជការផងដែរ បាននិងកំពុងតវ៉ាយ៉ាងស្វិតស្វាញ ដោយទទូចឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍ដល់ពួកគេទទួលបានផ្ទះ ពីក្រុមហ៊ុន ឡេង ណាវ៉ាត្រា ខណៈអតិថិជនទាំងនោះ មួយចំនួនធំបានបង់ប្រាក់រួចរាល់ និងផុតកុងត្រា ដែលក្រុមហ៊ុនត្រូវប្រគល់ផ្ទះជាច្រើនឆ្នាំមកហើយ តែផ្ទុយទៅវិញពួកគេមិនទទួលបានផ្ទះ។ តាមរយៈការជួបជុំគ្នាតវ៉ារបស់ពលរដ្ឋ ដែលជាជនរងគ្រោះ ដោយបិទផ្លូវជាតិលេខ 6A និងបិទផ្លូវមុខក្រសួងដែនដីកាលពីពេលថ្មីៗនេះ ដើម្បីទាមទារឲ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា ប្រគល់ផ្ទះឲ្យពួកគេ បានឆ្លុះបញ្ចាំងពីអារម្មណ៍ដ៏ឈឺចាប់។ ឈឺចាប់ ដោយសារពួកគេទន្ទឹងរង់ចាំទទួលផ្ទះ ពីក្រុមហ៊ុន ម្នាក់ៗមានរយៈពេលពី៥ ទៅ៦ឆ្នាំមកហើយ។ ជាការរង់ចាំបណ្តើរត្អូញត្អែរបណ្តើរ ត្បិតពលរដ្ឋទាំងនោះ ខ្លះបានខ្ចីបុលពីធនាគារ យកទៅទិញដី ឬផ្ទះបង់ផ្តាច់ និងបង់រំលោះ ដោយប្រឈមនឹងការប្រឹងប្រែងរកប្រាក់បង់សងធនាគារវិញជារៀងរាល់ខែ។ ទាក់ទងទៅនឹងភាពចម្រូងចម្រាសរវាងអ្នកទិញផ្ទះ និងក្រុមហ៊ុនសង់ផ្ទះលក់នេះ ក្រសួងដែនដី នៅក្នុងអាណត្តិទី៧នេះ តែងបង្ហាញពីលទ្ធផលការងាររបស់ខ្លួន ដោយក្រសួងបានដោះស្រាយជាបន្តបន្ទាប់នូវវិវាទដីធ្លី និងអចលនទ្រព្យដ៏រ៉ាំរ៉ៃនេះ ក្នុងនោះក៏មានករណីក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដែរ។ ក្រសួងដែនដីតាមរយៈអ្នកនាំពាក្យ លោក សេង ឡូត បានឲ្យដឹងថា ក្រុមការងាររបស់ក្រសួងត្រូវការរពេលវេលាក្នុងការបន្តកិច្ចការតាមនីតិវិធី និងជួបជាមួយពលរដ្ឋតវ៉ា ដើម្បីជូនដំណឹងពីវឌ្ឍនភាពនៃការដោះស្រាយនៅរៀងរាល់ ៣ខែម្តង។ ជាមួយគ្នានេះ ក្រុមហ៊ុន ឡេង ណាវ៉ាត្រា កន្លងមកក៏តែងលើកឡើងពីការប្រឹងប្រែងរបស់ខ្លួន ក្នុងការដោះស្រាយផ្ទះជូនអតិថិជន និងស្នើសុំការយោគយល់នៅក្នុងកាលៈទេសៈដ៏លំបាកផ្នែកសេដ្ឋកិច្ច។ ក្រុមអ្នកតាមដានសង្គម និងអ្នកជំនាញផ្លូវច្បាប់ បានហៅការទិញផ្ទះរបស់ពលរដ្ឋ ហើយមិនបានផ្ទះនេះថា ជាទម្រង់បំពានច្បាប់មួយ ដែលស្ថាប័នមានសមត្ថកិច្ចគួរមានការពិចារណា និងជួយរកដំណោះស្រាយ។ លោកមេធាវី ផែង ហេង អ្នកជំនាញផ្នែកច្បាប់មួយរូប បានលើកឡើងជាទូទៅថា ក្នុងច្បាប់ព្រហ្មទណ្ឌ នៅពេលភាគីអ្នកទិញបានបង់លុយទៅភាគីអ្នកលក់ហើយ ហើយភាគីអ្នកលក់មិនបានប្រគល់របស់ ឬវត្ថុ ដែលលក់ ឲ្យទៅអ្នកទិញ ដោយមិនស្របទៅនឹងកម្មវត្ថុនៃការទិញ លក់ គឺស្មើនឹងបទល្មើសឆបោក។ ប្រសិនបើរដ្ឋមើលឃើញថាករណីនេះ ជាបទល្មើសព្រហ្មទណ្ឌ នោះរដ្ឋត្រូវដើរតួនាទីជាដើមបណ្តឹង ដោយមិនចាំបាច់ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះដាក់ពាក្យបណ្តឹងទេ។ នេះបើតាមលោក ផែង ហេង។ នៅក្នុងកម្មវិធីបិទសន្និបាតមួយរបស់ក្រសួងរៀបចំដែនដីកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា រដ្ឋាភិបាលបានប្តេជ្ញាបន្តដោះស្រាយសំណុំរឿងបុរីជាប់គាំង តាមរយៈការផ្តល់បណ្ណកម្មសិទ្ធិដល់ពលរដ្ឋ។ តែលោកនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់អំពីការទូទាត់សំណងខូចខាតសមស្រប ដែលម្ចាស់បុរីត្រូវផ្តល់ឲ្យពលរដ្ឋនោះទេ។ បើតាមលោក ហ៊ុន ម៉ាណែត រដ្ឋាភិបាលនៅតែលើកទឹកចិត្តឲ្យប្រើប្រាស់វិធីសាស្ត្រ «ទុកមេមាន់ឲ្យនៅពង» ឬទុកឱកាសឲ្យម្ចាស់បុរីដោះស្រាយតាមរយៈការផ្តល់សំណង ដែលអាចធ្វើទៅបានជាជាងការប្រើវិធានការច្បាប់ដោយការដាក់ឲ្យជាប់គុក។ ត្រង់ចំណុចនេះ ត្រូវបានលោកមេធាវី ផែង ហេង មើលឃើញថា ការអនុវត្តជាក់ស្តែងហាក់មិនស្របទៅនឹងអ្វីដែលប្រមុខរដ្ឋាភិបាលលើកឡើង។ មិនស្របដោយហេតុថាថៅកែក្រុមហ៊ុនបុរីខ្លះ ដែលប្រៀបបាននឹងមេមាន់ ហាក់កំពុងរស់នៅក្នុងជីវិតហ៊ឺហា ជាមួយនឹងទ្រព្យសម្បត្តិស្តុកស្តម្ភ។ រីឯពលរដ្ឋរងគ្រោះ កំពុងរស់នៅដោយក្តីវេទនា អំឡុងពេល ដែលស្ថានភាពសុខភាពសេដ្ឋកិច្ចបច្ចុប្បន្នមានភាពមិនប្រាកដប្រជា៕

 

We also recommend:


WRGW News
WRGW

Kanzlei am Wall - Rechtstipp
Kanzlei am Wall

Pharmacy Podcast Network
Pharmacy Podcast Network

Beyond Serious the Podcast
Beyond Serious

The Interview
BBC World Service

Top3Tech
Top3Tech

Podcasts Archives - BTNHD
Bernardo

Win-Win@Work Radio Show
Michael Cameron - Host & Founder

SMB Community Podcast
Karl Palachuk

Meet the Ambassadors

Cinefonia
Renato Silveira

The Fazby And Jazz Podcast
Jashank And Rushil