![]() |
Author: RFI / Khmer Language: km Genres: News Contact email: Get it Feed URL: Get it iTunes ID: Get it |
Listen Now...
១០ឆ្នាំក្រោយភេរវកម្ម១៣វិច្ឆិកា២០១៥ បារាំងប្រឈមនឹងការគំរាមភេវកម្មក្នុងទម្រង់ផ្សេង
Thursday, 13 November, 2025
១៣វិច្ឆិកា២០១៥-១៣វិច្ឆិកា២០២៥ ថ្ងៃនេះជាគម្រប់ខួប១០ឆ្នាំ នៃភេរវកម្មដ៏មហាធ្ងន់ធ្ងរ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រប្រទេសបារាំង។ ភេរវកម្មបានផ្តាច់ជីវិតមនុស្សអស់១៣២នាក់ និងរបួសជាង៣៥០នាក់។ នាឱកាសនេះ បារាំងសូមរំឭកវិញ្ញាណក្ខន្ធជនរងគ្រោះ ថ្នាក់ជាតិ ដោយសម្ពោធ “សួននៃការចងចាំ” នៅកណ្តាលក្រុងប៉ារីស។ ថ្ងៃនេះ ជាគម្រប់ខួប១០ឆ្នាំគត់ នៃភេរវកម្មថ្ងៃទី១៣វិច្ឆិកា២០១៥ ដែលប្រទេសបារាំងទាំងមូលមិនអាចបំភ្លេចបាន។ ភេរវកម្មបានផ្តាច់ជីវិតមនុស្សអស់១៣២នាក់ និងរបួសជាង៣៥០នាក់។ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នឹងធ្វើដំណើរទៅដាក់កម្រងផ្កានៅកន្លែងរងភេរវកម្ម ទាំងបី មុននឹងផ្តើមកម្មវិធីសម្ពោធ “សួននៃការចងចាំ” នៅកណ្តាលក្រុងប៉ារីស។ “សួននៃការចងចាំ” មានទីតាំងនៅក្រោយសាលាក្រុងប៉ារីស ត្រង់កន្លែងដែលប្រជាពលរដ្ឋបានមកប្រជុំគ្នា ដោយឥតព្រាងទុក ដាក់ ផ្កា អុជទៀន និងសាររំលែកទុក្ខនានា ក្រោយថ្ងៃរងភេរវកម្មរួចភ្លាម។ ពិធីរំឭកខួបប្រព្រឹត្តទៅក្រោមប្រធានបទ រួបរួមគ្នា ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ដើម្បីជាកម្លាំងសាធារណរដ្ឋ និងដើម្បីការពារវប្បធម៌។ ភេរវជនមិនអាចយកឈ្នះសេរីភាពបានទេ។ កម្មវិធីរំឭកខួបនេះមានចាក់ផ្សាយបន្តផ្ទាល់តែម្តងតាមកញ្ចក់ទូរទស្សន៍ និងអេក្រង់យក្សនៅទីលានRépublique។ តួអេហ្វែលតំណាងប្រទេសបារាំងក៏បានប្រែពណ៌លម្អ ខៀវសក្រហម ជាពណ៌ទង់ជាតិបារាំងដែរ។ បើតាមការស្ទង់មតិ ពលរដ្ឋនៅក្រុងប៉ារីស៦០% ចងចាំយ៉ាងច្បាស់ ហេតុការណ៍ភេរវកម្មនោះ។ ដើម្បីការចងចាំ បារាំងនឹងមានសារមន្ទីរនៃការចងចាំភេរវកម្ម ដែលនឹងបើកសម្ពោធនៅរវាងឆ្នាំ២០២៩ ឬ២០៣០។ យប់ថ្ងៃទី ១៣វិច្ឆិកា២០១៥ នៅយប់ថ្ងៃទី១៣វិច្ឆិកា២០១៥ ភេរវជនដែលមានបីក្រុម។ មួយជាក្រុមអត្តឃាតជនបំពាក់ពេញខ្លួនទៅដោយខ្សែក្រវ៉ាត់គ្រាប់បែក បានទៅបំផ្ទុះនៅពហុកីឡដ្ឋានជាតិបារាំង ដែលកំពុងមានកម្មវិធីប្រកួតកីឡាបាល់ទាត់ ហើយប្រធានាធិបតីបារាំងកាលណោះគឺលោក ហ្វ្រង់ស័រហូឡង់ កំពុងចូលរួមទស្សនាផង។ ក្រុមទីពីរ បានទៅធ្វើសកម្មភាពនៅសាលប្រគុំតន្ត្រីបាតាក្លង់។ ភេរវជនមានគ្នាបីឬបួននាក់មានពាក់ខ្សែក្រវ៉ាត់គ្រាប់បែក និងកាន់កាំភ្លើងអាកាគ្រប់ដៃ។ ចំណែកក្រុមទីបី មានគ្នាពីរឬបីនាក់ដែរ ក្នុងនោះម្នាក់ជាមេក្លោងមានឈ្មោះ Salah Abdeslam គឺក្រុមបាញ់ប្រហារសម្លាប់មនុស្ស តាមបណ្តោយផ្លូវ ដោយបាញ់លើភោជនីយដ្ឋាន និង ហាងកាហ្វេ ជាបន្តបន្ទាប់ មានជាអាទិ៍ភោជនីដ្ឋានខ្មែរ Le petit Cambodge, Le Carillon, La bonne Bière, Le comptoir Voltaire, La Belle Equipe។ ភ្នាក់ងារបារាំងបានកម្ចាត់ភេរវជនដៃដល់ទាំងអស់លើកលែងតែមេកើយម្នាក់ដែលរត់គេចខ្លួនបាន ក្នុងពេលកើតហេតុ។ អត្តឃាតជនទាំងនោះ ខ្លះជាភេរវជនដែលបន្លំខ្លួនចូលមកអឺរ៉ុប តាមរយៈលំហូរអន្តោប្រវេសន៍។ ក្រុមអង្គការរដ្ឋអ៊ីស្លាមបានប្រកាសទទួលស្គាល់ថាជាអ្នកនៅពីក្រោយភេរវកម្មទាំងបីកន្លែងនៅក្រុងប៉ារីស ក្រោមហេតុផលថាបារាំងបានជេរប្រមាថព្រះក្នុងសាសនាអ៊ីស្លាម។ មេដឹកនាំធ្វើភេរវកម្ម Salah Abdeslam ដែលមានកំណើតនៅក្រុងព្រុចសែល ប្រទេសបែលហ្សិក និងដែលប៉ូលិសចាប់ខ្លួនបាន នៅប៉ុន្មានថ្ងៃក្រោយ ត្រូវបានតុលាការបារាំងកាត់ទោស ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយមិនអាចកែសម្រួលបាន នៅប្រទេសបារាំង។ មុនថ្ងៃខួប១០ឆ្នាំបន្តិច មេធាវីរបស់សាឡា អាប់ដេស្លាម អះអាងថា ភេរវជនចង់ជួបជាមួយគ្រួសារជនរងគ្រោះ ដើម្បីបកស្រាយនិងផ្សះផ្សា។ ក្រុមគ្រួសារជនរងគ្រោះខ្លះត្រៀមលក្ខណៈចូលចរចាក្នុងសំណុំបែបបទសុំជួបនេះ។ ១០ឆ្នាំក្រោយ តើបារាំងមានស្ថានភាពយ៉ាងណាដែរក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ? ១០ឆ្នាំ ក្រោយមហាភេរវកម្ម បារាំងមានសមត្ថភាពប្រសើរជាងមុនក្នុងការប្រយុទ្ធប្រឆាំងនឹងទង្វើភេរវកម្ម។ ប៉ុន្តែការគំរាមកំហែងភេរវកម្មនៅតែខ្ពស់ខ្លាំងដដែល គ្រាន់តែក្នុងទម្រង់ខុសកាលពី ១០ឆ្នាំ។ គ្មានទេហានិភ័យសូន្យ តែភេរវកម្មទ្រង់ទ្រាយធំដូចថ្ងៃទី១៣វិច្ឆិកា២០១៥ ទំនងជាមិនអាចកើតមានបានទៀតទេ។ បើតាមរដ្ឋអាជ្ញាបារាំងក៏ដូចជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបច្ចុប្បន្ន ការគំរាមកំហែងភេរវកម្មនៅបារាំងបានវិវឌ្ឍទៅតាមពេលវេលា និងមានទម្រង់ជាភេរវកម្មជីហាត បានន័យភេរវជនបញ្ចេញសកម្មភាពទោល ដាច់ដោយឡែកមួយៗ និងជាក្រុមភេរវជនស្វយ័តកកើតឡើងក្នុងស្រុក។ ជាដង្កូវចេញពីសាច់ ដែលផ្តាច់ខ្លួនទៅធ្វើជាជនជីហាតអ៊ីស្លាមជ្រុលនិយម។ ភេរវជនគ្មានចំណងជាមួយអង្គការភេរវនិយមទេ តែបានភ្ជាប់ខ្លួនទៅនឹងមនោគមវិជ្ជាភេរវនិយម។ បច្ចុប្បន្ននេះ អង្គការរដ្ឋអ៊ីស្លាម និងអាល់កៃដា នៅតែជាអង្គការភេរវនិយមធំចម្បងពីររបស់ពិភពលោក។ អង្គការរដ្ឋអ៊ីស្លាម ដែលជាអ្នកនៅពីក្រោយភេរវកម្មក្រុងប៉ារីសថ្ងៃទី១៣វិច្ឆិកា២០១៥ ថ្វីបើបានបរាជ័យបាត់បង់ដែនដីក៏ដោយ ក៏នៅតែមានសមត្ថភាពធ្វើប្រតិបត្តិការ និងសកម្មភាពឡើងវិញបានដែរ។ បើតាមសារព័ត៌មានប៊ែលហ្សិក ក្រុមអង្គការរដ្ឋអ៊ីស្លាម បានសម្របការឃោសនាផ្សព្វផ្សាយមនោគមន៍ភេរវនិយម តាមបណ្តាញសង្គម តាមសារកូដសម្ងាត់ បញ្ញាសិប្បនិម្មិត ... អ៊ីចឹងហើយបានជាអង្គការនេះនៅតែជាតំណាងនៃការគំរាមកំហែងភេរវកម្មនៅអឺរ៉ុប និង សហរដ្ឋអាមេរិក៕








